ព័ត៌មាន

ភាពយន្តអំពី Deadpool និង Wolverine ពិតជាផលិតមែនឬ?

អ្នកសរសេរ: Florey DM


តួអង្គ Wolverine ហាក់ស្ទាក់ស្ទើរនឹងសំណើរ ដែលតម្រូវឲ្យសម្តែងរួមគ្នាជាមួយតួអង្គ Deadpool ។

6 Jan – តារាភាពយន្ត Ryan Reynolds មិនរុញរាសោះ ក្នុងការសម្តែងជាតួអង្គមាត់ចំអេសចំអាស ប្រឆាំងនឹងវីរបុរស ពោលគឺ តួអង្គ Deadpool នេះផ្ទាល់តែម្តង ឲ្យតែលោកបានតម្រូវឲ្យ សម្តែង នេះបើតាមសម្តីពិតចេញពីចិត្ត របស់តារាកាណាដាម្នាក់នោះនាពេលថ្មីៗ។

តាមពិតទៅ លោក Reynolds កំពុងសម្លឹងចង់សម្តែងជាតួអង្គដដែលនេះ ក្នុងភាពយន្តច្រើនទៀត រួមទាំងភាពយន្តដាច់ដោយឡែកជាមួយមិត្តសម្លាញ់គាត់ គឺតួ Wolverine ដែលនេះបើយោងតាមការចុះផ្សាយរបស់ Variety ។

នរណាមិនស្គាល់តួអង្គក្រញាំដៃដែកអាយុកាលក្បែរសតវត្សនេះ គឺសម្តែងដោយតារាភាពយន្តអូស្រ្តាលីលោក Hugh Jackman ត្បិតលោកបានកាន់កាប់តួអង្គនេះអស់លើសពីមួយទសវត្សមកហើយ?

មិនមែនថាបបួលបាន បបួលបានឡើយសំរាប់គំនិតចង់សម្តែងជាភាពយន្តខ្នាតធំរវាងតួអង្គ Deadpool និង Wolverine នេះទេ ត្បិតលោក Jackman បានឆ្លើយតបទាំងមិនពិតប្រាកដ នូវសំណើររបស់លោក Reynolds ដោយបង្ហើរពាក្យថា "ខ្ញុំរាងស្ទាក់ស្ទើរដែរ។"

លោកបន្ថែមថា "ព្រោះខ្ញុំអាចស្រមៃឃើញថា វានឹងសាកសមឥតខ្ចោះយ៉ាងណា។ ប៉ុន្តែបើគិតរឿងពេលវេលា វាប្រហែលជាខុស។"


តួអង្គ Deadpool និង Wolverine ធ្លាប់លេចមុខរួមឈុតក្នុងរឿង "X-Men Origins: Wolverine" កាលពីឆ្នាំ ២០០៩។

សម្រាប់ប្រិយមិត្តគាំទ្រ កុំទាន់បារម្ភ ដឹងស្រាប់ហើយលោក Reynolds ដូចក្នុងសមាសភាពសម្តែងក្នុងរឿងគាត់អញ្ចឹង មិនព្រមចុះចាញ់ងាយៗឡើយ។ "ខ្ញុំមិនដឹងថាខ្ញុំអាចបញ្ចុះបញ្ចូលគាត់បានអត់ទេ តែអ្វីដែលសំខាន់គឺទស្សនិកជន ខ្ញុំនឹងព្យាយាមប្រើទំនាក់ទំនងមួយនេះដើម្បីអូសទាញ Hugh ឲ្យដូរចិត្តវិញ" លោក Reynolds បានប្រាប់យ៉ាងមានទំនុកចិត្ត។

លោក Reynolds ក្លាហានណាស់ ក្នុងការប្រកាសពីគោលបំណងរបស់លោក ដើម្បីទាញតួអង្គទាំងពីរនេះចូលក្នុងភាពយន្តតែមួយ។ គាត់ថែមទាំងនិយាយប្រាប់ Entertainment Weekly ពីគម្រោងរបស់គាត់ក្នុងការបញ្ចុះបញ្ចូល Jackman ឲ្យមកកាន់សាច់រឿងមួយនេះទៀតផង។ "អ្វីដែលយើងចាំបាច់ត្រូវធ្វើ គឺចរចាជាមួយ Hugh ។ ធ្វើអ្វីក៏ដោយ ក៏ខ្ញុំស៊ូប្តូរដែរ ដើម្បីឲ្យសម្លាញ់មិត្តភក្តិលើបណ្តាញអ៊ីនធឺណេតទាំងអស់មកជួយគ្នា សម្រេចកិច្ចការនេះ!" លោកបានបង្ហើបប្រាប់។

មើលទៅប្រហែលជាត្រូវការជំនួយពីប្រិយមិត្តគាំទ្រភាពយន្តឲ្យជួយបញ្ចុះបញ្ចូលហើយ ដើម្បីឲ្យសុបិននេះសំរេចបាន។ ដូច្នេះបើអ្នកចង់ឲ្យមានខ្សែភាពយន្តនេះមែន ចាប់ផ្តើមសកម្មភាពលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកទៅ ដើម្បីឲ្យ Wolvy (Wolverine) យល់ព្រមនឹងសំណើរ Pooly (Deadpool) ។

ថ្វីបើយើងមិនទាន់អាចទស្សនាខ្សែរឿងរៀបរាប់ខាងលើឆាប់ៗនេះក៏ដោយ ប៉ុន្តែកុំភ្លេចថាលោក Jackman នឹងវិលត្រឡប់មកសម្តែងជាតួអង្គ Wolverine ក្នុងរឿង "Logan" ដែលនឹងមកដល់រោងភាពយន្តនៅថ្ងៃទី២ មីនា ខាងមុខនេះ រីឯលោក Reynolds នឹងមកគ្រងឈុតក្រហមឆើត របស់លោកក្នុងរឿង "Deadpool 2" នៅឆ្នាំ២០១៨ ផងដែរ៕

Cinema Online, 6 មករា 2017

ភាពយន្តទាក់ទង:
Logan (02 Mar 2017) [Trailers]
Deadpool (11 Feb 2016)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង