ព័ត៌មាន

តារាស្រីថៃ Davika សម្តែងក្នុងរឿង "Suddenly 20"

អ្នកសរសេរ: Khen Sophara



Davika Hoorne សម្ដែងក្នុងរឿង "Suddenly 20".

23 Nov - កញ្ញា Davika Hoorne ដែលភាគច្រើនគេស្គាល់ថាជាកំពូលតារាស្រីសំណព្វចិត្តរបស់ប្រទេសថៃ នឹងសម្ដែងជាតួលោកយាយអាយុ៧៤ឆ្នាំក្នុងរឿងកំប្លែងសើចចុកពោះថ្មីរបស់ថៃ ដែលមានចំនងជើងថា "Suddenly 20"។

Davika ដែលធ្លាប់តែសម្ដែងជាតួរមទម្យស្រគត់ស្រគម បានបង្ហើបថា ការដើរតួសម្ដែងក្នុងរឿងនេះគឺពិតជាថ្មីប្លែកភ្នែកសំរាប់នាង។

នាងបាននិយាយប្រាប់ CJ Creative Journal ថា "ខ្ញុំពិតជារំភើបចិត្តណាស់ដែលខ្ញុំអាចបង្ហាញនូវតួអង្គថ្មីប្លែកបែបកំប្លុកកំប្លែងមួយ ខុសពីអ្វីដែលខ្ញុំធ្លាប់សម្ដែងពីមុននៅក្នុងរឿងនេះ"។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងអាយុ២៤ឆ្នាំមួយរូបនេះ ក៏ធ្លាប់សម្ដែងក្នុងរឿងល្បីៗផ្សេងទៀតដែរ ដូចជារឿងបែបស្នេហា "Heart Attack" កាលពីឆ្នាំ២០១៥ និង កាលពី២០១៣ គឺរឿង "Pee Mak" ដែលជារឿងដ៏ល្បីកក្រើកមេឃនិងជាភាពយន្ដ ថៃដែលរកបានចំណូលច្រើនជាងគេបំផុតក្នុងប្រវិត្តសាស្រ្ដវិស័យកុនថៃ។

អ្នកគាំទ្ររបស់នាងនឹងបានឃើញនាងសម្ដែងជាតួលោកយាយស្ទាវក្នុងរឿងថតឡើងវិញតាមរឿងដើមរបស់កូរ៉េដែលចេញកាលពីឆ្នាំ២០១៤រឿង "Miss Granny"។

ខុសពីតួអង្គស្រីបែបរ៉ូមេនទិករបស់នាងរាល់ដង លើកនេះនាងដើរតួសម្ដែងជាលោកយាយម្នាក់ដែលត្រលប់ទៅកាន់ភាពយុវវ័យក្រមុំ២០ឆ្នាំវិញបន្ទាប់ពីជួបប្រទះអភ្ភូតហេតុដ៏មិនគួរឲ្យជឿមួយ។


តួអង្គរបស់Davika នឹងប្រែកាយពីយាយចាស់ទៅជាស្រីក្រមុំនៅក្នុង "Suddenly 20"

ភាពយន្ដថតសារថ្មីរបស់ថៃតាមរឿងដើមដ៏ល្បីល្បាញរបស់កូរ៉េមួយនេះ គឺគ្រាន់តែមួយក្នុងចំណោមរឿងថតឡើងវិញយ៉ាងច្រើនប៉ុណ្ណោះ ដែលក្នុងនោះរួមមាន "20, Once Again!" របស់ចិនដែលជាភាពយន្ដសហការផលិតដោយចិននិងកូរ៉េរកចំណូលបានច្រើនជាងគេបំផុត រឿង "Sweet 20" របស់វៀតណាម ដែលជាភាពយន្ដក្នុងស្រុកមានចំនួនអ្នកទស្សនាច្រើនបំផុត ហើយក៏មានរបស់ជប៉ុន ឥណ្ឌូណេស៊ី អង់គ្លេស និង អេស្ប៉ាញផងដែរ។

"ការផលិតរឿងមួយខ្សែនេះឡើងវិញតាមរឿងដើមដ៏ល្បីរបស់កូរ៉េហើយនិងរឿងថតឡើងវិញនេះរបស់ប្រទេសដទៃគឺវាពិតជាមានសម្ពាធខ្លះដែរ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការផលិតរឿងនេះអោយល្អ ហើយខ្ញុំក៏មិនភ្លេចបន្ថែមចូលនូវមន្ដស្នេហ៏និងអត្តសញ្ញាណរបស់ថៃចូលក្នុងភាពយន្ដមួយនេះដែរ" អ្នកដឹកនាំរឿងនេះ លោក Araya Surihan បានបញ្ជាក់។

មុននឹងបានផលិតចេញជាខ្សែភាពយន្តថតសារដើមមួយនេះ រឿងថៃមួយនេះក៏បានឆ្លងកាត់ការបន្ថែមបន្ថយដើម្បីឲ្យស្រដៀងទៅនឹងជីវិតពិត នៅក្នុងសង្គមថៃ ដូចទៅនឹងរឿងរបស់ប្រទេសដទៃទៀតដែរ។ លោក Yim Myung-Kyun ដែលជាប្រធានក្រុមប្រឹក្សាធុរៈកិច្ចពិភពលោក ដែលផ្តោតទៅលើអាជីវកម្មភាពយន្ត នៃ CJ E&M បានបង្ហើបថា តួអង្គថ្មីស្រឡាងមួយដែលមិនមានក្នុងរឿងដើម នឹងលេចមុខក្នុងរឿងរបស់ថៃនេះដើម្បីបន្ថែមសំនើចកំប្លែងបែបថៃពិតៗទៅក្នុងសាច់រឿងនេះ។

ភាពយន្ដមួយនេះផងដែរគឺជាស្នាដៃរួមគ្នាដំបូងបង្អស់រវាង CJ Major Entertainment ក្រុមហ៊ុនកូរ៉េផលិតកុនរបស់ CJ E&M និង Major Cineplex Group ក្រុមហ៊ុនរោងកុនធំជាងគេបំផុតប្រចាំប្រទេសថៃ។

រឿង "Suddenly 20" នឹងចាក់បញ្ចាំងតាមរោងកុនចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះតទៅ។

Cinema Online, 23 វិច្ឆិកា 2016


ភាពយន្តទាក់ទង:
Suddenly 20 (Khmer) (12 Jan 2017)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង