បទសម្ភាសន៍

អ្នកដឹកនាំរឿង "Jailbreak" ជាមួយនឹងភាពច្នៃប្រឌិត!

អ្នកសរសេរ: Florey DM


Jimmy Henderson គ្រោងនឹងដាក់បញ្ចូលឈុតឆាក ជាពិសេសក្បាច់គុណ និងភាពច្នៃប្រឌិតថែមទៀត
សម្រាប់រឿងថ្មី

"Jailbreak: ការពារឧក្រិដ្ឋជន" នឹងធ្វើឲ្យកក្រើក ពេញរោងភាពយន្តក្នុងប្រទេសកម្ពុជា នាចុងខែនេះហើយ។ គួរបញ្ជាក់ដែលថា រឿងនេះដឹកនាំដោយលោក Jimmy Henderson ជាមួយនឹងវត្តមានរបស់តារាសម្តែងខ្មែរ កាត់បារាំងលោក Jean-Paul Ly ដែលធ្លាប់លេចមុខក្នុងភាពយន្តហូលីវូដ ជាច្រើនផងដែរ។

នេះមិនមែនជាលើកទីមួយទេសម្រាប់ផលិតករជនជាតិអ៊ីតាលី Jimmy Henderson ក្នុងការដឹកនាំរឿង ជាពិសេសរឿងខ្មែរទេ ពីព្រោះគាត់រស់នៅក្នុងប្រទេសកម្ពុជាជាង ៥ឆ្នាំហើយ ដើម្បីដឹកនាំរឿងភាគទូរទស្សន៍ និងកម្មវិធីផ្សេងៗ មុនពេលដឹកនាំរឿង "Jailbreak: ការពារឧក្រិដ្ឋជន" ទៅទៀត។

មុនពេលដែលផលិតកររូបនេះ ដឹកនាំរឿងដែលមានចំណងជើងថា "Hanuman" កាលពីឆ្នាំ ២០១៥ គាត់បានដឹកនាំរឿងខ្មែរបែបខ្មោចឆៅដ៏ភ័យរន្ធត់មួយដែលមានចំណងជើងថា "Run!" កាលពីឆ្នាំ ២០១៣។

បន្ថែមពីនេះ Jimmy ក៏ធ្លាប់ធ្វើការលើភាពយន្តមួយចំនួនទៀត ដូចជារឿង "The Forest Whispers" ដែលគាត់ជាអ្នកដឹកនាំ និងរឿង "Mind Cage" ដោយគាត់ជាអ្នក ត្រួតពិនិត្យការថត និងបច្ចេកទេសចាក់បញ្ចាំងក្នុងរោងកុនផងដែរ។

ជាមួយនឹងការមកដល់របស់រឿង "Jailbreak" Henderson បានប្រាប់ Jaikon ថា លោកបានដាក់បញ្ចូលក្បាច់គុណ ជាពិសេសល្បុក្កត្តោតែម្តង។


លោក Jimmy Henderson និង ក្រុមការងារ កុំពុងហ្វឹកហាត់ ក្បាច់គុន និងឈុតឆាកវាយប្រយុទ្ធគ្នា មុនពេលថតរឿង។

Jaikon សួរ: "ចាប់តាំងពីពេលណា ដែលលោកមានគំនិតចង់ថតរឿង "Jailbreak" ដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ?"

Jimmy Henderson: យើងមានគំនិតថតរឿងនេះ ក្រោយពេលដែលរឿង "Hanuman" ចាប់ផ្តើមថតក្នុងរោងភាពយន្ត ហើយយើងចំនាយពេល មួយឆ្នាំដើម្បីធ្វើឲ្យគម្រោងមួយនេះ លេចចេញជារូបរាងឡើង ជាមួយនឹងការលំបាកជាច្រើន ហើយពេលខ្លះខ្ញុំសួរខ្លួនឯងថា "តើខ្ញុំអាចធ្វើបានទេ?" ទៀតផង។

រឿង "Jailbreak" គឺជាខ្សែភាពយន្តពោរពេញដោយឈុតឆាកប្រយុទ្ធគ្នា ហើយឃើញថា ក្បាច់គុនល្បុក្កត្តោ គឺជាចំនុចពិសេសរបស់ភាពយន្តនេះ ពិតមែនទេ?

ខ្ញុំធ្លាប់ហាត់ប្រដាល់បែបថៃ និង Judo រួមទាំង ក្បាច់គុនផ្សេងៗគ្នាដែរ ពីព្រោះនេះជាអ្វីដែលខ្ញុំចូលចិត្តខ្លាំង។ សូម្បីតែពេលខ្លះ ខ្ញុំមិនបានហាត់ ក៏ខ្ញុំចូលចិត្តតាមដានដែរ ហើយតាមរយៈភាពយន្តនេះវាបានផ្តល់បទពិសោធន៍ដែលធ្វើឲ្យខ្ញុំអាចស្វែងយល់បន្ថែមទៀត ដូចនេះហើយដែលបានជាខ្ញុំចូលចិត្តផលិតរឿងដែលមានបញ្ចូលក្បាច់គុណឡើង។ ខ្ញុំក៏ធ្លាប់បានផលិតភាពយន្តមួយ ដែលមានចំណងជើងថា "ហនុមាន" និង ភាពយន្តខ្លីៗមួយចំនួនទៀត។

តើភាពយន្តមួយនេះខុសប្លែកពីភាពយន្តរបស់លោកយ៉ាងម៉េចខ្លះ?

បាទ គឺថាវិសាលភាពនៅក្នុងភាពយន្តមួយនេះគឺរឹតតែធំ។ ពួកយើងនឹងមានតួជំនួសច្រើន ដែលអាចជួយធ្វើឲ្យការផលិតរឿង កាន់តែល្អប្រសើរ។ គម្រោងរបស់ខ្ញុំគឺការនាំយកក្បាច់គុណប្លែកៗជាច្រើន មកច្របាច់បញ្ចូលគ្នានៅក្នុងភាពយន្តនេះតែមួយ ដែលក្នុងនោះមានដូចជា ក្បាច់កីឡាកាស, ក្បាច់គុណស៊ីឡាត ដែលមានប្រភពចេញពីប្រទេសម៉ាឡេស៊ី, ក្បាច់គុណតៃក្វាន់ដូ, ក្បាច់ការ៉ាតេ, និងក្បាច់គុណល្បុក្កតោ ផងដែរ។ ក្បាច់គុណទាំងអស់នេះ គឺសុទ្ធសឹងជាក្បាច់គួរឲ្យចាប់អារម្មណ៍ខ្លាំងទាំងអស់។ លើសពីនេះ វានឹងក្លាយទៅជាភាពយន្តវាយតប់ដ៏មិនធម្មតាមួយ។ ភាពយន្តវាយតប់ដែលទើបនឹងថតចប់នាពេលថ្មីៗនេះ ដែលភាគច្រើនគឺពួកគេ ផ្តោតទៅលើការវាយតប់ខ្លាំងមែនទែន តួយ៉ាងដូចជាភាពយន្តរឿង "The Raid" ឬក៏ម្យ៉ាងវិញទៀត ផ្តោតទៅលើការសម្តែងក្បាច់គុណ បែបកំប្លុកកំប្លែង ឧទាហរណ៍ដូចជារឿងដែលសម្តែងដោយ Jackie Chan ជាដើម។ ដោយឡែកសម្រាប់យើងវិញ គឺពួកយើងចង់បង្កើតអ្វីមួយ ដែលមានលក្ខណៈខុសប្លែក និងមិនធ្លាប់មានពីមុនមក ជាពិសេសនៅក្នុងភាពយន្តបែបវាយតប់។


អ្នកដឹកនាំរឿង Jimmy Henderson កំពុងមើល លោក អ៊ួ ដារា ក្នុងឈុតប្រយុទ្ធគ្នាមួយ

តើការសហការជាមួយនឹងតួសម្តែងដូចជា អ៊ួ តារា និង សំ ថារ័ត្ន មានលក្ខណៈយ៉ាងម៉េចដែរ?

ពួកគាត់គឺពិតជាអ្នកប្រយុទ្ធដែលពោរពេញទៅដោយជំនាញច្បាស់លាស់។ អ្វីដែលពួកគេត្រូវការខ្ញុំជួយ នោះគឺគ្រាន់តែការបកប្រែភាសាប៉ុណ្ណោះ។ ខ្ញុំបានធ្វើការស្រាវជ្រាវទៅលើជ្រុងដើម្បីធ្វើការថត ពីព្រោះថារបៀបដែលពួកគេវាយតប់នៅក្នុងភាពយន្ត គឺខុសប្លែកពីជីវិតពិត។ ដូច្នេះពួកយើងត្រូវការ ប្រែប្រួលទៅតាមកាលៈទេសៈទាំងនោះ ដើម្បីចាប់យកឈុតឆាកដ៏អស្ចារ្យ។ មានឈុតឆាកវាយតប់ជាច្រើន ដូច្នេះពួកយើងត្រូវហ្វឹកហាត់ជាច្រើនម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងប្រៀបដូចជាគ្រួសារតែមួយ ហើយបើនិយាយឲ្យចំទៅ គឺដូចជាជិះនៅលើទូកតែមួយអញ្ចឹងផងដែរ។ ពួកយើងព្យាយាមជួយគ្នាទៅវិញទៅមក ដើម្បីបង្កើតបាននូវស្នាដៃដ៏ល្អប្រសើរមួយ។

តើលោកមានការរំពឹងទុកបែបណាចំពោះភាពយន្តមួយនេះ?

ខ្ញុំរំពឹងទុកខ្ពស់ណាស់ចំពោះភាពយន្តនេះ។ តាមរយៈភាពយន្ត "ហនុមាន" ធ្វើឲ្យយើងដឹងថា បើទោះបីជាយើងមានធនធានតិច ក៏ពួកយើងនៅតែអាចបង្ហាញទស្សនិកជននៅការសម្តែងល្អ ដែលមានគុណភាពខ្ពស់។ ដូច្នេះ សម្រាប់រឿងនេះ យើងមានធនធានច្រើន អញ្ចឹងហើយខ្ញុំគិតថាពួកយើងអាចមានវិធីជាច្រើន ដើម្បីធ្វើឲ្យវាក្លាយទៅជាភាពយន្តដ៏ល្អមួយ។ ក៏ព្រោះតែក្នុងនោះគឺបានបង្កប់ នូវឈុតឆាកកំសាន្ត កំប្លុកកំប្លែង រួមជាមួយនឹងឈុតវាយតប់ដ៏គួរឲ្យជក់ចិត្ត ទើបធ្វើឲ្យខ្ញុំសង្ឃឹមយ៉ាងមុតមាំ។

"Jailbreak: ការពារឧក្រិដ្ឋជន" ចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី ៣១ មករា នេះហើយ!

Cinema Online, 12 មករា 2017

ភាពយន្តទាក់ទង:
Jailbreak (Khmer) (31 Jan 2017) [Trailers]
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង