ចំនុចពិសេស

កំពូលខ្សែភាពយន្តទាំង ១០ ប្រចាំឆ្នាំ ២០១៦

អ្នកសរសេរ: Florey DM



ទាំងនេះគឺមានតែកំពូលខ្សែភាពយន្តចំនួន ៥ រឿងប៉ុណ្ណោះ សូមបន្តអានដើម្បីដឹងពីខ្សែភាពយន្តទាំង ១០ រឿង។

វាពិតជាឆ្នាំមួយដ៏អស្ចារ្យសម្រាប់ខ្សែភាពយន្ត! កំពូលវីរបុរសចំបាំងប្រយុទ្ធគ្នានៅក្នុងរោងភាពយន្ត និងប្រកួតប្រជែង ដើម្បីត្រួតត្រាកាន់កាប់ពិភពលោកទាំងមូល ពោលគឺនៅលើតារាងលក់សំបុត្រកុន។ ទីបំផុត ភាពមានមហាអំណាចអស្ចារ្យ មិនអាចជួយបានច្រើនឡើយ នៅពេលពួកគេបានឡើងតទល់ ជាមួយភាពគួរឲ្យស្រឡាញ់នៃតួអង្គគំនូរជីវចលទាំងឡាយ ដែលបានយកជ័យជំនះ នូវដួងចិត្តទស្សនិកជននៅទូទាំងពិភពលោក។ ស្របពេលនេះដែរ មានភាពយន្តស្តីពីកំពូលវីរបុរសមួយ ដែលទទួលបានជ័យជំនះនឹងគេដែរ ក្នុងខណៈពេលដែលភាពយន្តឯទៀតៗ ត្រូវបានផ្តួលរំលំដោយខ្សែភាពយន្ដជាមួយតួអង្គសត្វដូចមនុស្ស។

ខ្សែភាពយន្ដបែបគំនូរជីវចលបានកាន់កាប់ទីតាំងកំពូលទាំងប្រាំស្ទើរតែទាំងអស់ទៅហើយ ដែលនាំឲ្យខ្សែភាពយន្ដកំពូលវីរបុរសផ្សេងទៀតបានត្រឹមកាន់កាប់ទីតាំងពីលេខ ៦ ដល់លេខ ១០ប៉ុណ្ណោះ។

ក្នុងចំណោមរឿងទាំងនោះ មានខ្សែភាពយន្តវេទមន្តមួយ និយាយពីសត្វចម្លែកអស្ចារ្យ ដែលជាផ្នែកមួយនៃរឿងបែបយុទ្ធសិល្ប៏ (មិនតែប៉ុណ្ណោះ ជាភាពយន្តដែលពឹងផ្អែកលើស៊េរីរឿង "Harry Potter" ដ៏ល្បីល្បាញ) ដែលទទួលបានការចាប់អារម្មណ៏គ្រប់គ្រាន់ ដើម្បីចាប់យកទីតាំងមួយក្នុងចំណោមកំពូលភាពយន្តទាំង ១០ ទោះបីជាវាទើបតែនឹងចាក់បញ្ចាំងមិនតិចជាងពីរបីខែមុនក៏ដោយ។

ម៉្យាងទៀត វាប្រហែលជាឆាប់ពេកក្នុងការនិយាយពី "Rogue One: A Star Wars Story" ដែលទើបនឹងចាក់បញ្ចាំងពាក់កណ្តាលខែធ្នូនេះ ប៉ុន្តែមិនមានមន្ទិលសង្ស័យអ្វីឡើយដែលថា ភាពយន្តមួយនេះនឹងកាន់តែខ្លាំងនៅពេលដែលការចាក់បញ្ចាំងបានបញ្ចប់ ប្រហែលជានឹងអាចដណ្តើមកាន់កាប់ទីតាំងកំពូលក្នុងតារាង ដូច "Star Wars: The Force Awakens" កាលពីឆ្នាំមុនផងក៏មិនដឹង។ គ្រាន់តែការចេញបញ្ចាំងរបស់វាតែម្នាក់ឯងបានចូលរួមចំណែក ធ្វើឱ្យ Walt Disney Studios Motion Pictures បានក្លាយជាស្ទូឌីយោដំបូងក្នុងប្រវត្តិសាស្ត្រភាពយន្ត ដែលរកចំណូលបានសរុបជាង 7 ពាន់លានដុល្លារអាមេរិក នៅលើតារាងលក់សំបុត្រកុនទូទាំងពិភពលោក។

ដោយផ្អែកលើស្ថិតិតារាងលក់សំបុត្រកុន Mojo យើងអាចធ្វើការសន្និដ្ឋានបានថា ស៊េរីខ្សែភាពយន្តកំពូលវីរបុរសនៅតែមានភាពលេចធ្លោនៅលើតារាង។ ដូចកាលពីឆ្នាំមុន រឿងភាគច្រើនក្នុងចំណោមកំពូលខ្សែភាពយន្តទាំង ១០ ប្រចាំឆ្នាំទូទាំងពិភពលោក មានកត្តារួមគ្នាមួយ គឺសកម្មភាពវាយប្រហារ។ ប៉ុន្តែបើក្រឡេកមើលតួលេខវិញ យើងឃើញថាមានការធ្លាក់ចុះជាងឆ្នាំមុន ដោយកំពូលភាពយន្តទាំង ៥ ប្រចាំឆ្នាំ ២០១៥ អាចបំបែកចំណុច ១ ពាន់លានដុល្លារអាមេរិក បានគ្រប់គ្នា (លើសពី ២ ពាន់លានដុល្លារទៀតផងក្នុងករណីកំពូលភាពយន្ត "Star Wars: The Force Awakens") រីឯឆ្នាំនេះ មានតែកំពូលភាពយន្តទាំង ៣ ទេដែលធ្វើបាន ហើយមិនតែប៉ុណ្ណោះ ចំណូលរបស់កំពូលភាពយន្តលេខ ១ ប្រចាំឆ្នាំ ២០១៦ មានកម្រិតទាប ដោយរកចំណូលបានតិចជាងកំពូលភាពយន្តលេខ ៥ ប្រចាំឆ្នាំ ២០១៥ "Minions" ជាង ៦.១ លានដុល្លារអាមេរិក។

សូមក្រឡេកមើលកំពូលខ្សែភាពយន្តទាំង ១០ ប្រចាំឆ្នាំ ២០១៦៖

រឿង Marvel's Captain America: Civil War

Team Captain America ឬ Team Iron Man? អ្នកគាំទ្របានពិបាកចិត្តយ៉ាងខ្លាំងក្នុងការរើសរវាងវីរបុរសទាំងពីររូប នៅពេលដែលការជ្រៀតជ្រែកនយោបាយមួយ បានធ្វើឲ្យបក្សពួកក្រុម Avengers បែរខ្នងដាក់គ្នា។ ដឹកនាំសម្តែងដោយបងប្អូន Russo លោក Anthony និងលោក Joe ខ្សែភាពយន្តមួយនេះប្រជុំទៅដោយសមាជិក Avengers ភាគច្រើន (លើកលែងតែ Thor និង Hulk) ដែលបានប្រមូលផ្តុំគ្នាសារជាថ្មីម្តងទៀត ដោយ Chris Evans បានត្រឡប់មកវិញជាមេដឹកនាំក្រុម, Robert Downey Jr ជា Iron Man, Scarlett Johansson ជា Black Widow, Elizabeth Olsen ជា Scarlett Witch និង Sebastian Stan ជា Winter Soldier ដែលជាតួអង្គក្នុងរឿង ហើយពួកគេនឹងត្រូវបានចូលរួមដោយ Paul Rudd ជា Ant Man។ វាមិនមែនគ្រាន់តែជាការប្រមូលផ្តុំនៃកំពូលវីរបុរសប៉ុណ្ណោះទេ ដែលបានទាក់ទាញអ្នកគាំទ្រឲ្យទៅប្រជ្រៀតគ្នានៅតាមរោងកុន ប៉ុន្តែនៅមានហេតុផលមួយទៀតគឺភាពយន្តនេះ ជាមធ្យោបាយរបស់ Marvel ក្នុងការណែនាំ Tom Holland ជា Spider-Man (ដែលភាពយន្តផ្ទាល់ខ្លួន "Spider-Man: Homecoming" នឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០១៧) និង Chadwick Boseman ជា Black Panther (ដែលនឹងត្រូវបានឃើញបន្ទាប់ក្នុងឆ្នាំ ២០១៨ ជាមួយរឿង "Black Panther")។ ជាមួយនឹងថវិកាផលិតជាង ២៥០ លានដុល្លារអាមេរិក ដែលច្រើនជាងរឿង "Captain America" ដំបូងទាំងពីររឿង ខ្សែភាពយន្តទីបីនេះទទួលបានការកោតសរសើរខ្លាំងបំផុត និងបានក្លាយជាខ្សែភាពយន្ដរកបានចំណូលខ្ពស់បំផុតក្នុងឆ្នាំ ២០១៦។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD 1.153 billion

រឿង Finding Dory

ការបង្កើតរឿងវគ្គបន្ត បន្ទាប់ពីអស់រយៈពេលជាងមួយទសវត្សរ៍ពីរឿងដើម អាចមានគ្រោះថ្នាក់ខ្លាំង (ដូចដែលបានឃើញជាមួយ "Zoolander 2") ប៉ុន្តែភាពយន្តគំនូរជីវចលដើរតួដោយត្រីពណ៌ខៀវដែលមានការចងចាំរយៈពេលខ្លីមួយនេះ បានហែលយ៉ាងជោគជ័យទៅកាន់ទីតាំងកំពូលក្នុងចំណោមរឿងទាំងអស់។ ជារឿងបន្តទៅនឹងភាពយន្តឆ្នាំ ២០០៣ "Finding Nemo" លោក Andrew Stanton បានត្រឡប់មកដឹកនាំការផលិតវិញ ជាមួយ Ellen DeGeneres ជាអ្នកបញ្ចូលសម្លេងឲ្យ Dory ដែលនៅក្នុងរឿងនេះ នាងកំពុងព្យាយាមស្វែងរកក្រុមគ្រួសាររបស់នាង ដោយទទួលបានជំនួយពីដៃគូឪពុកកូនត្រីក្រឹម Marlin និង Nemo ដែលត្រូវបានបញ្ចូលសម្លេងដោយ Albert Brooks និង Rolence Brooke។ ភាពយន្តនេះទទួលបន្ទុកយ៉ាងធំ ដោយរឿងដើមជាភាពយន្តដែលកាន់កាប់តំណែងភាពយន្តគំនូរជីវចលរកចំណូលបានខ្ពស់បំផុត ដូចនេះផលិតកររឿង "Finding Dory" មិនហ៊ានខ្ចិលចង្អូសឡើយ ពួកគេបានខិតខំបង្កើតជាសាច់រឿងនិទានដែលអាចធ្វើឲ្យដួងចិត្តទស្សនិកជនទទួលបានភាពកក់ក្តៅ និងបង្កប់នូវមេរៀនល្អៗជាច្រើន។ ភាពយន្តនេះប្រើប្រាស់ថវិកា ជាង ២០០ លានដុល្លារអាមេរិក ហើយបានក្លាយទៅជាភាពយន្ត Pixar ដំបូង ចាប់តាំងពីភាពយន្តឆ្នាំ ២០១០ "Toy Story 3" ដែលបានឆ្លងផុតតួលេខ ១ ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD1.028 billion

រឿង Zootopia

ជាខ្សែភាពយន្ដដំបូងនៅលើបញ្ជីនេះ ដែលមិនមែនថតខ្សែភាពយន្តនេះឡើងវិញ ឬជាខ្សែភាពយន្ដវគ្គបន្តទៅនឹងភាពយន្តដែលមានស្រាប់ទេ។ រឿងថ្មីរបស់ Disney មួយនេះ ទទួលបានលទ្ធផលដ៏វិជ្ជមានយ៉ាងខ្លាំង និងជាខ្សែភាពយន្ដដែលទទួលបានការវាយតម្លៃខ្ពស់បំផុតប្រចាំឆ្នាំ ២០១៦។ វាប្រហែលជាភាពយន្តបែបគំនូរជីវចលក៏ពិតមែន ប៉ុន្តែខ្សែភាពយន្ដមួយនេះអាចរីករាយទស្សនាបានទាំងកុមារនិងមនុស្សពេញវ័យ ដោយសាច់រឿងនឹងធ្វើឲ្យយើងត្រិះរិះគិតពិចារណា តែនៅមានភាពអស់សំណើចខ្លាំងផងដែរ។ ការប្រើប្រាស់ពណ៍ និងបទចម្រៀងចម្រុះ នឹងផ្តល់នូវភាពសប្បាយរីករាយដល់កុមារ ខណៈពេលដែលភាពស្មុគស្មាញនៃដំណើររឿង នឹងធ្វើឲ្យមនុស្សពេញវ័យផ្តោតអារម្មណ៏យ៉ាងខ្លាំងទៅលើការលាតត្រដាងនៃសាច់រឿង។ ក្រុមតារាបញ្ចូលសម្លេងពោរពេញទៅដោយទេពកោសល្យ (Ginnifer Goodwin, Jason Bateman, Idris Elba, Jenny Slate, និងតារាផ្សេងៗទៀត) ក៏ទទួលបានការកោតសរសើរទៅលើការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើឲ្យតួអង្គទាំងឡាយមានជីវិតរស់រវើក ជាមួយនឹងសម្លេងរបស់ពួកគេ។ Byron Howard និង Rich Moore ក៏បាននិយាយពីគម្រោងវិលត្រឡប់មកដឹកនាំរឿងវគ្គបន្តផងដែរ ដោយបាននិយាយថាសាច់រឿងនៅមានកន្លែងដែលអាចបរិយាយបានបន្ថែមទៀត ហើយជាពិសេសដោយសារខ្សែភាពយន្តមួយនេះបានឆ្លងកាត់ការកាត់បន្ថយជាច្រើន ដើម្បីឱ្យសមស្រប ទៅនឹងប្រវែងស្តង់ដានៃខ្សែភាពយន្តខ្នាតធំ។ អ្វីដែលជាក់លាក់នោះ គឺថាជាមួយនឹងភាពជោគជ័យនៃភាពយន្តមួយនេះ វានឹងមានលទ្ធភាពអាចផលិតរឿងវគ្គបន្តបាន ជាមួយនឹងថវិកាផលិតច្រើនជាងរឿងដើមទៀតផង ដែលបានប្រើប្រាស់ត្រឹម ១៥០ លានដុល្លារអាមេរិកប៉ុណ្ណោះ។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD1.029 billion

រឿង The Jungle Book

Disney ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងឆ្នាំនោះ (ក្នុងករណីដែលអ្នកមិនបានចាប់អារម្មណ៏ រឿងនេះជារឿងទីបួនហើយពីស្ទូឌីយោមួយនេះ ដែលបានកាន់កាប់តំណែងកំពូល)។ ជាមួយភាពយន្តចំនួនប្រាំ ដែលបានកាន់កាប់តំណែងក្នុងតារាងកំពូលខ្សែភាពយន្តប្រចាំឆ្នាំ ២០១៦ ស្ទូឌីយោមួយនេះបានបង្ហាញឲ្យឃើញថាទស្សនិកជនចង់បាននូវប្រភេទស៊េរីរឿង ("Zootopia" ជាករណីលើកលែង ក្នុងករណីនេះ) ឬភាពយន្តស្រដៀងទៅនឹងរឿងទាំងនេះ។ ភាពយន្តផលិតឡើងវិញបែបមនុស្សពិតៗ និងបច្ចេកទេស CGI នៃរឿង "The Jungle Book" របស់ Rudyard Kipling មួយនេះ ត្រូវបានដឹកនាំដោយ Jon Favreau ហើយវាបានបង្ហាញឲ្យឃើញថា អ្នកគាំទ្រពិតជាពេញចិត្ត ហើយស្រឡាញ់ការប្រាប់ពីរឿងនិទានកាលពីវ័យកុមារភាពរបស់ពួកគេឡើងវិញ។ ហើយ "ត្រឹមត្រូវល្អ" គឺជារបៀបដែលខ្សែភាពយន្តមួយនេះត្រូវបានផលិតឡើង។ ខណៈពេលដែលរក្សាទុកនូវបរិយាកាសរបស់រឿងដើម ភាពយន្តមួយនេះក៏បានកែប្រែឲ្យទៅជារឿងមានលក្ខណៈអាថ៌កំបាំង ដែលមានភាពល្អគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យ តែនៅតែផ្តល់នូវការសប្បាយរីករាយសម្រាប់ក្រុមគ្រួសារផងដែរ។ ទោះបីជាចំណូលរបស់រឿងនេះមិនខ្ពស់ខ្លាំងដូចរឿងខាងលើក៏ពិតមែន ប៉ុន្តែប្រើប្រាស់ថវិកាផលិតត្រឹម ១៧៥ លានដុល្លារអាមេរិក វានៅតែរកចំណូលបានច្រើនគួរសមសម្រាប់ខ្សែភាពយន្តខ្នាតធំមួយ ហើយរឿងភាគបន្តក៏កំពុងនឹងគ្រោងទុកផងដែរ។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD966.6 million

រឿង The Secret Life of Pets

វាជាភាពយន្តផលិតដោយ Universal Pictures ហើយក៏ជារឿងទីពីរ និងរឿងចុងក្រោយនៅលើបញ្ជីមួយនេះ ដែលមិនមែនជារឿងភាគបន្ត ឬផ្នែកមួយនៃស៊េរីរឿងផ្សេងៗឡើយ។ ដូចគ្នានឹង "Zootopia" ភាពយន្តគំនូរជីវចលមួយនេះ ប្រើបាស់ថវិកាផលិតត្រឹម ៧៥ លានដុល្លារអាមេរិក ហើយត្រូវបានផលិតដោយ Chris Renaud and Yarrow Cheney ដែលនៅក្នុងរឿងមានតួអង្គសត្វចេះនិយាយ ប៉ុន្តែខុសប្លែកពីរឿងប្រភេទដូចគ្នាដែលបានរៀបរាប់ខាងលើ ត្រង់ថាសាច់រឿងមិនសូវស្មុគស្មាញខ្លាំង ប៉ុន្តែការទស្សនានៅតែមានភាពសប្បាយរីករាយ។ កុមារ និងមនុស្សពេញវ័យដូចគ្នា នឹងគាប់ចិត្តជាមួយការផ្សងព្រេងរបស់ពួកសត្វចិញ្ចឹម ក្នុងបេសកកម្មជួយសង្គ្រោះមិត្តភក្តិសត្វឆ្កែរបស់ពួកគេឈ្មោះ Max។ តួអាក្រក់នៅក្នុងរឿង គឺជាទន្សាយពណ៌សមួយ ដែលបញ្ចូលសម្លេងដោយ Kevin Hart ដែលមានការលេចធ្លោខ្លាំងនៅក្នុងរឿង ជាមួយភាពប៉ផ្លិចប៉ផ្លូចរបស់គេ។ តារាបញ្ចូលសម្លេងផ្សេងទៀត រួមមាន Jenny Slate និង Albert Brooks ដែលមិនមែនជាជើងថ្មីក្នុងការបញ្ចូលសម្លេងឲ្យតួអង្គតុក្កតាដ៏គួរឲ្យស្រឡាញ់ឡើយ។ វាមានភាពធម្មតា ប៉ុន្តែជក់ចិត្តដិតអារម្មណ៏ខ្លាំង ហើយភាពយន្តមួយនេះទទួលបានប្រតិកម្មវិជ្ជមាន និងបានប្រកាសការត្រលប់មកវិញជាមួយភាគបន្តក្នុងឆ្នាំ ២០១៨។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD875.4 million

រឿង Batman V Superman: Dawn of Justice

ទោះបីជាទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រ និងអ្នកវាយតម្លៃរិះគន់ក៏ពិតមែន "Batman V Superman" នៅតែអាចក្លាយជាភាពយន្តរបស់ Warner Bros ដែលរកចំណូលបានច្រើនបំផុតសម្រាប់ឆ្នាំនេះ។ ការប្រតិបត្តិសាច់រឿង និងបរិយាកាសរឿងដ៏ស្រងូតស្រងាត់ ប្រហែលជាមិនអាចបំពេញសេចក្តីត្រូវការរបស់អ្នកគាំទ្របាន ប៉ុន្តែទោះបីជាមានប្រតិកម្មអវិជ្ជមានយ៉ាងណាក្តី ការចាប់ដៃគ្នារវាងកំពូលវីរបុរសដ៏ល្បីល្បាញទាំងពីររូបក្នុងភាពយន្តតែមួយ ពិតជាគំនិតដ៏ឆ្លាតមួយ ដែលអាចផ្តល់ជូនឲ្យទស្សនិកជននូវហេតុផលគ្រប់គ្រាន់ដើម្បីធ្វើឲ្យកៅអីក្នុងរោងកុនពេញ។ យើងអាចនិយាយបានថា អ្នកគាំទ្រងឿងឆ្ងល់ថាតើ Batfleck នឹងមានភាពដូចម្តេចដែរ (Ben Affleck មិនបានទទួលការស្វាគមន៏ច្រើនឡើយ នៅពេលប្រកាសថាគាត់នឹងដើរតួ Batman ជាលើកដំបូង) ឬថាតើ Zack Synder នឹងបង្វិលចង្កូតសាច់រឿងរបៀបណា ដោយគាត់ធ្លាប់មានបទពិសោធន៏ដឹកនាំភាពយន្តឆ្នាំ ២០១៣ "Man of Steel" (Henry Cavill ដើរតួជាកំពូលវីរបុរសមានយសតែក្នុងនាម) ឬក៏ពួកគេគ្រាន់តែចង់ឃើញ Wonder Woman ប៉ុណ្ណោះ (Gal Gadot នឹងដើរតួរបស់នាងមួយនេះម្តងទៀត ជាមួយភាពយន្តផ្ទាល់ខ្លួនក្នុងឆ្នាំក្រោយ)។ ទោះបីជាមានមូលហេតុអ្វីក៏ដោយ ភាពយន្តចំណាយ ២៥០ លានដុល្លារអាមេរិក មួយនេះ នៅតែទទួលបានជោគជ័យ ហើយជាភាពយន្តរកចំណូលបានច្រើនបំផុតសម្រាប់ពិភព DC ក្នុងឆ្នាំនេះ។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD873.3 million

រឿង Deadpool

ខណៈពេលដែលស៊េរីរឿងថ្មីរបស់ "X-Men" គឺ "X-Men: Apocalypse" មិនសូវទទួលបានជោគជ័យនៅតារាងលក់សំបុត្រកុនក្នុងឆ្នាំនេះ "Deadpool" បានបង្ហាញឲ្យឃើញថាភាពយន្តកំពូលវីរបុរសបែប R-rated ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង។ វាជាភាពយន្តតែមួយគត់ពី 20th Century Fox ដែលបានដណ្តើមកាន់កាប់ទីតាំងក្នុងកំពូលភាពយន្តទាំង ១០ ប្រចាំឆ្នាំនេះ ហើយវាបានជួយដុតបញ្ឆេះអាជីពរបស់ Ryan Reynolds ក្នុងពិភពចក្រវាឡកំពូលវីរបុរសមួយនេះ (ភាពយន្តចាស់របស់គាត់ "Green Lantern" ពិតជាអន់ខ្លាំង ហើយគាត់ថែមទាំងបានឌឺដងវាក្នុងភាពយន្តមួយនេះទៀតផង)។ Wade Wilson ហៅថា Deadpool គឺពិតជាខុសប្លែកពីកំពូលវីរបុរសឯទៀត ត្រង់ថាគាត់គឺជាតួអង្គប្រឆាំងនឹងវីរបុរសច្រើនជាង ជាមួយអាកប្បកិរិយាភ្លីភ្លឺរបស់គាត់។ ការនិយាយកំប្លែងដោយមិនក្រែងចិត្ត និងការធ្វើអ្វីៗប្លែកៗរបស់គាត់ (និយាយជាមួយកាម៉េរ៉ា ដូចនិយាយផ្ទាល់ជាមួយទស្សនិកជន) បានធ្វើឲ្យភាពយន្តមួយនេះមានការប្រែប្រួលខុសប្លែកពីខ្សែភាពយន្តកំពូលវីរបុរសឯទៀតក្នុងឆ្នាំនេះ។ ទោះបីជាមានគម្រោងវគ្គបន្តក៏ពិតមែន ប៉ុន្តែវានឹងមិនត្រូវបានដឹកនាំដោយ Tim Miller ទៀតឡើយ ហើយហេតុផលនៃការចាកចេញរបស់គាត់ពីគម្រោងភាពយន្តមួយនេះ មិនត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់ឡើយ។ យើងនៅមិនទាន់ដឹងនៅឡើយ ថាតើភាពយន្តវគ្គបន្ត នឹងនៅតែទទួលបានគម្រោងថវិកាផលិតប្រហែល ៥៨ លានដុល្លារដូចរឿងដើម ឬក៏នឹងក្លាយជាគម្រោងភាពយន្តប្រើប្រាស់ថវិកាសន្ធឹកសន្ធាប់។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD783.1 million

រឿង Suicide Squad

ភាពយន្តទាំងឡាយរបស់ DC ហាក់ដូចជាមានទម្លាប់ទទួលបានការស្ពប់ខ្ពើមរិះគន់ពីអ្នកគាំទ្រ និងអ្នករិះគន់វាយតម្លៃ ប៉ុន្តែនៅតែអាចរកបានចំណូលបានគ្រប់គ្រាន់ដើម្បីរក្សាទីតាំងក្នុងចំណោមលេខរៀងកំពូលនៅតាមតារាងលក់សំបុត្រកុននានាទូទាំងពិភពលោក។ ការដឹកនាំមិនសូវរលូនរបស់ David Ayer ភាពអន់ខ្សោយនៃការអភិវឌ្ឍតួអង្គ និងអស្ថេរភាពនៃបរិយាកាសរឿង មិនបានបញ្ឈប់ "Suicide Squad" ពីក្លាយជា #SquadGoal សម្រាប់អ្នកគាំទ្រភាពយន្តក្នុងឆ្នាំនេះនោះទេ។ ប្រជាប្រិយភាពរបស់រឿងនេះមិនអាចបដិសេធបានឡើយ ជាពិសេសជាមួយតួអង្គ Harley Quinn របស់ Margot Robbie ដែលបានក្លាយទៅជាឈុតសម្លៀកបំពាក់ហាឡូវីនដ៏ល្បីនៃឆ្នាំ ២០១៦។ សមត្ថភាពសម្តែង (និងរូបសម្រស់) របស់ Robbie ក៏ជាចំណុចល្អមួយចំនួនរបស់រឿងផងដែរ។ យ៉ាងហោចណាស់ ភាពយន្តមួយនេះបានប្រើប្រាស់ថវិកាផលិតអស់ ១៧៥ លានដុល្លារអាមេរិក ហើយបន្ទាប់ពីបានរៀនសូត្រពីកំហុសឆ្គងនៃ "Batman V Superman" ពួកគេបានបញ្ចូលឈុតកំប្លែងជាច្រើនដើម្បីរក្សាទុកនូវភាពស្វាហាប់នៃសាច់រឿង និងកាត់បន្ថយភាពស្រងូតស្រងាត់។ លោកអ្នកក៏អាចត្រៀមខ្លួនរង់ចាំមើលកំពូលវីរបុរសអាក្រក់បំផុតទាំងនេះ ជាមួយភាពយន្តវគ្គបន្ត ក៏ដូចជារឿងផ្ទាល់ខ្លួនសម្រាប់ Deadshot និង Harley Quinn ផងដែរ ដែលនឹងឃើញមាននូវ Gotham Sirens ទៀតផង។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD745.6 million

រឿង Fantastic Beasts and Where to Find Them

J.K. Rowling ពិតជាបានរកឃើញនូវរូបមន្តនៃភាពជោគជ័យជាមួយស៊េរីរឿង "Harry Potter" របស់គាត់។ ស៊េរីរឿងដើមប្រហែលជាបានបញ្ចប់ តាំងពីប្រាំឆ្នាំមុនមកម៉្លេះ ប៉ុន្តែការចាប់អារម្មណ៏ទៅលើវានៅតែឆេះសន្ធោសន្ធៅ។ ហេតុដូច្នេះហើយ វាមិនមានអ្វីដែលប្លែកទេ ដែលថាខ្សែភាពយន្ដដំបូងនៅក្នុងស៊េរីរឿងរបស់ខ្លួន "Fantastic Beasts and Where to Find Them" បានដណ្តើមកាន់កាប់ទីតាំងទី ៩ ទោះបីជាវាទើបតែនឹងចាក់បញ្ចាំងថ្មីៗក៏ដោយ បើប្រៀបធៀបជាមួយភាពយន្តឯទៀតនៅលើបញ្ជីនេះ។ ក្រៅពីមានក្រុមអ្នកគាំទ្រដ៏រឹងមាំ វាពិតជាជួយខ្លាំងដែលអ្នកដឹកនាំ David Yates ធ្លាប់បានកាន់ចង្កូតភាពយន្តចំនួនបួនក្នុងស៊េរីរឿង "Harry Potter" ដែលបានផ្តល់ឲ្យគាត់នូវចំណេះដឹង និងបទពិសោធន៏គ្រប់គ្រាន់សម្រាប់ការដឹកនាំឲ្យបានត្រឹមត្រូវ ជាមួយភាពយន្តដែលប្រើប្រាស់ថវិកាអស់ជាង ១៨០ លានដុល្លារអាមេរិក មួយនេះ។ មិនតែប៉ុណ្ណោះ តួឯករបស់រឿង គឺជាតារាសម្តែងឈ្នះពានរង្វាន់អូស្ការ Eddie Redmayne ដែលត្រូវបានចូលរួមសម្តែងដោយ Colin Farrell, Johnny Depp, Ezra Miller, Katherine Waterston និង Dan Fogler។ ភាពយន្តមួយនេះ គម្រោងនឹងបន្តជាមួយភាគបន្តចំនួនបួនវគ្គទៀតផងដែរ។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD744.7 million

រឿង Marvel's Doctor Strange

ភាពយន្តទី ១៤ នៅក្នុងពិភពចក្រវាឡភាពយន្ត Marvel មួយនេះ ឃើញមាន Benedict Cumberbatch ជាវេជ្ជបណ្ឌិតសំខាន់ក្នុងរឿង។ គម្រោងថវិកាចំណាយផលិតចំនួន ១៦៥ លានដុល្លារអាមេរិក សម្រាប់ភាពយន្តមួយនេះ មិនត្រូវបានខ្ជះខ្ជាយឡើយ ដោយវាត្រូវបានប្រើប្រាស់យ៉ាងសមស្រប ក្នុងការបង្កើតបែបផែនបច្ចេកទេសរូបភាពកុនដ៏អស្ចារ្យ ដែលបានជួយធ្វើឲវាក្លាយជាភាពយន្តមួយដ៏ល្អបំផុតប្រចាំឆ្នាំ។ អ្នកដឹកនាំ Scott Derrickson បានធ្វើឲឈុតឆាកវាយតប់មានភាពប្លែកភ្នែកយ៉ាងខ្លាំង។ បច្ចេកទេសពិសេស និងបច្ចេកទេសរូបភាពកុនផ្សេងៗក្នុងរឿង បានធ្វើឲវាមានភាពអស្ចារ្យជាងខ្សែភាពយន្តកំពូលវីរបុរសឯទៀត ដោយសារខ្សែភាពយន្តផ្សេងទៀតមិនមានឱកាសប្រើប្រាស់បច្ចេកទេសឡូយៗឡើយ ប៉ុន្តែ Doctor Strange អាចធ្វើបាន ដោយសារវាទាក់ទងជាមួយយុទ្ធសិល្ប៏វេទមន្តរបស់គាត់។ បែបផែនរូបភាពកុនដ៏ប្លែកភ្នែក សាច់រឿងដ៏គួរឲចាប់អារម្មណ៏ និងក្រុមតារាសម្តែងដ៏មានទេពកោសល្យ បានរួមបញ្ចូលគ្នាដើម្បីទាក់ទាញអ្នកចូលចិត្តមើលកុន ឲទៅមើលភាពយន្តមួយនេះក្នុងរោងកុន។ Cumberbatch បានបញ្ជាក់ផងដែរថាគាត់នឹងចេញមុខក្នុងភាពយន្ត "Doctor Strange" យ៉ាងហោចណាស់មួយទៀត ប៉ុន្តែកាលបរិច្ឆេទចាក់បញ្ចាំងនៅមិនទាន់បានសម្រេចនៅឡើយ។

ចំណូលសរុបពីតារាងលក់សំបុត្រកុនទូទាំងពិភពលោក៖ USD656.2 million

Cinema Online, 31 ធ្នូ 2016


ភាពយន្តទាក់ទង:
Captain America: Civil War (28 Apr 2016)
Finding Dory (16 Jun 2016)
Zootopia (25 Feb 2016)
The Secret Life Of Pets (07 Jul 2016)
Batman V Superman: Dawn Of Justice (25 Mar 2016)
Deadpool (11 Feb 2016)
Suicide Squad (05 Aug 2016)
Fantastic Beasts And Where To Find Them (18 Nov 2016)
Marvel's Doctor Strange (03 Nov 2016)
អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង