ចំនុចពិសេស

កំពូលតួអង្គ 5 ក្នុងរឿងបែប Christmas

អ្នកសរសេរ: Arivintiran Ponnan


នៅចាំ Kevin McCallister បានទេ?

Christmas ដែលជាពិធីបុណ្យធំជាងគេប្រចាំឆ្នាំកាន់តែខិតជិតមកដល់ហើយដូច្នេះគឺដល់ពេលល្មមចាប់ផ្ដើមមើលភាពយន្ដ Christmas ហើយ។ ជាទូទៅរឿងដែលទាក់ទងនឹងពិធីបុណ្យតែងតែមានអ្នកគាំទ្រទៅមើលតាមរោងកុនច្រើន ទោះបីជារឿងខ្លះមិនសូវល្អមើលក៏ដោយ។ តែពេលនេះយើងបានប្រមូលផ្ដុំយកភាពយន្ដ៥ដែលបានផ្ដល់កំណើតឲតួអង្គដែលគេចងចាំមិនភ្លេចរហូតដល់សព្វថ្ងៃមួយចំនួន។ ក្នុងចំនោមតួអង្គដែលយើងបានរើសយកទាំងអស់នេះគឺមានភាពចម្រុះឡូកឡំបូកបញ្ចូលទាំងតួកុមារា Macaulay Culkin នៅក្នុងរឿង"Home Alone" ក៏មាន តួប្រភេទក្មេងស្ទាវឈាមរាវ Bruce Willis ក្នុងរឿង "Die Hard"ក៏មាន។

1. Kevin McCallister ក្នុងរឿង "Home Alone"

អូខេ មុននឹងយើងចូលស៊ីជម្រៅក្នុងការវិភាគតួអង្គនេះ បើសិនជាអ្នកមិនដឹងថាតួអង្គនេះជាតួអង្គអ្វីឬក៏រឿងនេះជារឿងអ្វីទេ អ្នកត្រូវរត់ទៅរករឿងនេះមើលឥឡូវភ្លាមនេះ។ ឬក៏អ្នកអាចរង់ចាំត្រឹម២ ៣ថ្ងៃសាកលេងសិនទៅ អ្នកនឹងបានទស្សនាគេចាក់បញ្ចាំងរឿងនេះតាមប៉ុស្ដ៏ទូរទស្សន៏មួយណាហើយ។ បើតាមការឆែកមើលតាម នៅពេលគេឆែកដាក់ថា ភាពយន្ដដែលគេពេញនិយមចាក់បញ្ចាំងជាងគេនោះគឺលទ្ធផលចេញមករឿងមួយខ្សែនេះនៅលើគេតែម្ដង។ រឿងនេះទទួលបានការជោគជ័យយ៉ាងខ្លាំងបែបនេះក៏ដោយសារតែ Kevin ដែរ។ Kevin(Macaulay Culkin) ជាតួក្មេងប្រុសអាយុ៨ឆ្នាំដ៏គួរឲស្រលាញ់និងឈ្លាសវៃម្នាក់ដែលជាប់នៅផ្ទះតែម្នាក់ឯងហើយត្រូវរៀបគម្រោងប្រយុទ្ធប្រឈមមុខនឹងពួកចោរគាស់ផ្ទះ២នាក់ទៀត។ គំនិតប្លែកៗក្នុងការចាប់ចោររបស់ Kevin ដោយយកសម្ភារៈប្រើប្រាស់ក្នុងផ្ទះមកប្រយុទ្ធរួមទាំងអត្តចរិកដ៏ក្លាហានរបស់គេនេះហើយដែលធ្វើឲយើងមិនខកចិត្តក្នុងការរើសតួមួយនេះឡើយ។

 

2. Jack Skellington ក្នុងរឿង "The Nightmare before Christmas"

នេះជាភាពយន្ដ Christmas របស់អ្នកដឹកនាំរឿងដ៏ល្បីល្បាញលោក Tim Burton ចឹងហើយមិនចាំបាច់ត្រូវការរ៉ាយរ៉ាប់អ្វីច្រើនទេ។ រឿងនេះនិយាយអំពី Jack ស្ដេចល្ពៅនៃ Halloween Town ដែលជាពិភពលោកស្រមើស្រមៃមួយដែលបង្កើតឡើងដោយពិធីបុណ្យHalloween ហើយនៅពេលដែល Jack បានរកឃើញថាវាមានពិធីបុណ្យជាច្រើនផ្សេងទៀតក្រៅពីពិធីបុណ្យHalloween គាត់ក៏ចាប់ផ្ដើមលង់ខ្លួននឹងពិធីបុណ្យ Christmas នេះ។ មានតែលោក Tim Burton ម្នាក់គត់ដែលអាចឆ្លុះបញ្ចាំងយ៉ាងល្អឥតខ្ចោះនូវអារម្មណ៏សប្បាយរីករាយនិងវេទមន្ដនៃពិធីបុណ្យ Christmasនេះ តាមការយល់ឃើញរបស់ស្ដេច Halloween ប៉ុន្ដែចំណុចដែលអស្ចារ្យជាងគេបំផុតនៃភាពយន្តមួយខ្សែនេះគឺ Jack Skellington ដែលជាតួម៉ឺងម៉ាត់តែមានទឹកចិត្តល្អម្នាក់។ នៅក្នុងឈុតមួយដែល Jack និង Sally កំពុងអង្គុយជាមួយគ្នាហើយដឹងថា សម្ពន្ធ័ភាពនិងសុភមង្គលមានកើតមានគ្រប់ពេល គ្រប់ទីកន្លែង គ្រប់កាលៈទេសៈហើយមិនកំណត់ត្រឹមតែសំរាប់ពិធីបុណ្យនិងថ្ងៃឈប់សំរាកទេនេះ គឺពិតជាគួរអោយរំភើបមែនទែន។ ទោះបីជារឿងនេះចេញទាំងពី២៣ឆ្នាំមុនក៏ដោយ ក៏តួអង្គមួយនេះនៅតែថ្មីស្រឡាងក្នុងបេះដូងជានិច្ច។

3. Grinch ក្នុងរឿង "How the Grinch stole the Christmas"

ភាពយន្ដបែប Christmas មួយនេះនិយាយអំពី Grinch សត្វចម្លែកស្បែកបៃតងមួយក្បាលដែលស្អប់ពិធីបុណ្យ Christmas ជាទីបំផុត ហើយ Grinch បានព្យាយាមប្រើវិធីគ្រប់យ៉ាងទាំងអស់ដើម្បីរាំងស្កាត់ការប្រារព្ធពិធីនេះឡើង។តួ Grinch ដែលសម្ដែងដោយលោក Jim Carrey នេះគឺហ៊ានប្រើគ្រប់ល្បិចកលអោយតែអាចបញ្ឈប់បុណ្យនេះបានរហូតដល់ថ្នាក់ដើរលួចកាដូតាមផ្ទះនីមួយៗហើយយកទៅបោះកម្ទេចចោលពីលើកំពូលភ្នំមកទៀតផង ប៉ុន្ដែទាល់តែសាច់រឿងបន្ដទៅរាងស៊ីជម្រៅបន្ដិចទើបយើងបានយល់ពីមូលហេតុដែលធ្វើឲ Grinch មានអត្តចរិកបែបនេះ រួមទាំងភាពកណ្ដោចកណ្ដែងរបស់សត្វចម្លែកដ៏កំសត់មួយក្បាលនេះ។ ខ្សែភាពយន្ដមួយខ្សែនេះ គឺគេចង់សង្កត់ធ្ងន់ថាពិធីបុណ្យ Christmas នេះ មិនមែនជាពិធីដែលរីករាយសំរាប់មនុស្សគ្រប់ស្រទាប់គ្រប់ជំពូកនោះទេ ក្នុងពិធីដ៏កក្រឹកកក្រេងនេះក៏មានមនុស្សកើតទុក្ខនិងមនុស្សដែលសង្គមមួយចំនូនទាត់ចោលមិនខ្វល់ខ្វាយដែរ។ តាមរយៈតួអង្គមួយនេះ គឺគេចង់សរបញ្ជាក់ពីកាតាព្វកិច្ចរបស់សង្គមនីមួយៗក្នុងការប្រមូលផ្តុំនិងមិនរើសអើងទុរគតជននិងអ្នកក្រីក្រខ្វះខាត ដោយផ្ដល់ភាពកក់ក្ដៅនិងទីជំរកដល់ពួកគេក្នុងឧកាសទិវាបុណ្យបែបនេះដើម្បីឲពួកគេដឹងពីអារម្មណ៏ពិតនៃបុណ្យនេះ។ សារអប់រំដ៏សំខាន់មួយនេះហើយជាមូលហេតុធ្វើឲតួសត្វចម្លែក Grinch មួយក្បាលនេះជាតួអង្គរឿង Christmas ដ៏គួរឲបំភ្លេចមិនបានមួយ។

4. Buddy ក្នុងរឿង "Elf"

Buddy គឺជាតួអង្គមួយក្នុងចំណោមតួល្អបំផុតដែល Will Ferrell ធ្លាប់សម្ដែង ហើយតួនេះការពិតទៅជាកូនមនុស្សសាមញ្ញទេប៉ុន្ដែត្រូវបានចញ្ចឹមបីបាច់ដោយពពួកមនុស្សតឿ Elf នៅឯប៉ូលខាងជើង។ នៅពេលដែលគាត់ដឹងថាគាត់ជាមនុស្សធម្មតា គាត់បានតាមស្វែងរកឪពុកម្ដាយបង្កើតប៉ុន្ដែគាត់ក៏ជួបប្រទះនឹងឧបសគ្គយ៉ាងច្រើន។ ភាពបរិសុទ្ធនិងឆោតល្ងង់របស់ Buddy ពេលដែលគេឈានចូលមកកាន់ពិភពលោកមនុស្សសាមញ្ញពិតជាកំប្លែងល្អសើច ប៉ុន្ដែក៏មានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅដែលធ្វើអោយអ្នកទស្សនាមើលហើយគិតពិចារណាដែរ។ វាជាការភ្ញាក់ផ្អើលមួយក្នុងការឃើញលោក Will Ferrell ផលិតភាពយន្តបែបមានអត្ថន័យអប់រំ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺឈុតចុងក្រោយនៅពេលដែលប្រជាជនទីក្រុងញ៉ូវយ៉កទាំងមូលបានប្រមូលកម្លាំងគ្នាដើម្បីមកជួយ Santa គឺពិតជាចាក់ដោតដល់បេះដូងពិតៗតែម្ដង។ តួ Buddy បានរំលឹកឲយើងចងចាំពីធម្មជាតិដ៏សែនបរិសុទ្ធ ស្មោះត្រង់និងទឹកចិត្តសប្បុរសធម៌របស់មនុស្សជាតិយើង ហើយចំណុចទាំងអស់នេះហើយជាមូលហេតុដែលយើងត្រូវតែរាប់បញ្ចូលតួមួយនេះ។

5. John McClane ក្នុងរឿង "Die Hard"

រឿងមួយនេះប្រហែលមិនមែនជាប្រភេទរឿង Christmas ទូទៅទេ ប៉ុន្ដែបើអាចចាត់ទុក Jake Skellington ថាជាតួអង្គប្រចាំរឿងមួយ អញ្ចឹង John McClane (Bruce Willis) ក្នុងរឿង"Die Hard" ក៏ត្រូវតែមានឈ្មោះក្នុងបញ្ជីនេះដែរ។ សាកគិតមើលទៅ សាច់រឿងនេះប្រព្រឹត្តទៅក្នុងកំឡុងពេលពិធីបុណ្យ Christmas ផ្ទាល់តែម្ដង ហើយ McClane ក៏អាចចាត់ទុកថាជា'Santa' មួយរូបដែរ ប៉ុន្ដែគ្រាន់តែប្លែកត្រង់ចំនុចថាកាដូដែលគាត់យកមកឲពួកយើងនោះមិនមែនជាវត្ថុអ្វីមួយទែ តែគឺជាសេរីភាពរួចផុតពីការវាយប្រហាររបស់ពួកភេរវកម្ម។ តើអ្នកណាអាចបំភ្លេចឈុតដែលតួចិត្តអាក្រក់បានបូកបញ្ចូលឈុតវាយប្រហារនឹងChristmas ចូលគ្នាតែម្ដងហើយនិយាយ "ពេលនេះយើងមានកំភ្លើងហើយ ហូ-ហូ-ហូ"នេះបាន?

 

 

 

Cinema Online, 25 ធ្នូ 2016

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង